អាជីវករមួយចំនួនលក់ដូរ ចតយានយន្តដាក់ផ្ទេរទំនិញ រំលោភបំពានចិញ្ចើមផ្លូវសាធារណៈ បង្កការកកស្ទះគ្មានសណ្តាប់ធ្នាប់ លោកអភិបាលរងខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ២៣០ ។
ជាក់ស្តែងកាលពីវេលាម៉ោង ០៣រសៀលនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានប្រគល់ភារកិច្ចជូន លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌ ទទួលបន្ទុកសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ បរិស្ថាន និងអនុវត្តវិធានការរដ្ឋបាល ចំពោះអាជីវករលក់ដូរផ្លែឈើ ការចតយានយន្តគ្រប់ប្រភេទ និងការចតយានយន្តលើកដាក់ រឺផ្ទេរទំនិញនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវលេខ២៣០ (ចាប់ពីផ្លូវលេខ២១៥ដល់ផ្លូវលេខ២៤៥)សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក សុឹប សុផង់ អភិបាលរងខណ្ឌទួលគោក បានអោយដឹងថា អាជ្ញាធរកន្លងមកតែងចុះធ្វើសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវ ២៣០នេះច្រើនលើកសារដែរ ហើយទើបតែពេលថ្មីៗនេះ អាជ្ញាធរក៏ទើបតែចុះរួចដែរ ។ ចំពោះបញ្ហានេះអាជ្ញាធរ តែងមានការយោគយល់ច្រើនចំពោះអាជីវករ ដោយអនុញ្ញាតអោយអាជីវករលក់តែពេលយប់ ហើយអាចលក់បានតែនៅលើចិញ្ចើមផ្លូវ ប៉ុន្តែត្រឹមម៉ោង ០៦ព្រឹក គឺ ទីតាំងលក់ដូរទាំងអស់ត្រូវវេចខ្ចប់ប្រមូលកាកសំណល់ សេសសល់ពីការលក់ដូរ អោយមានអនាម័យ ដើម្បីថែរក្សាបរិស្ថានសាធារណៈផងដែរ នឹងជួយកាត់បន្ថយកកស្ទះចរាចរណ៍ផង ។
លោក អភិបាលរងខណ្ឌបានបន្តថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ អាជ្ញាធរបានអនុវត្តវិធានការរដ្ឋបាលដោយធ្វេីការដកហូតសម្ភារៈ ជាមធ្យោបាយជំនួយក្នុងការដាក់លក់មួយចំនួន ហើយក៏បានណែនាំទៅកាន់អាជីវករ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ដេីម្បីរក្សាសោភ័ណភាពដងផ្លូវផងដែរ ។
ជាចុងក្រោយ លោក សុឹប សុផង់អភិបាលរងខណ្ឌ បានបញ្ជាក់ថា សូមមេត្តាអាជីវករ ទាំងអ្នកលក់ នឹង អ្នកទម្លាក់ឥវ៉ាន់ ជួយសម្អាតវេចខ្ចប់សម្រាមអោយបានត្រឹមត្រូវ នឹងគោរពអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ បើមិនដូច្នោះទេ អាជ្ញាធរនឹងមានវិធានក្តៅជាក់ជាពុំខាន ៕មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS