ព័ត៌មានជាតិ

រន្ធត់ទាំងព្រឹកព្រលឹម! គ្រូចាប់សសៃនៅស្រុកល្វាឯមម្នាក់ ជិះម៉ូតូមកចាប់សសៃឲ្យគេនៅស្ទឹងមានជ័យ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់ ខណៈរម៉ក និងរថយន្តស៊ាំយ៉ុងដែលបុកបន្ថែម បើករត់បាត់ !

19-Dec-2024 211 views

រាជធានីភ្នំពេញ ៖ រន្ធត់ទាំងព្រឹកព្រលឹមតែម្តង ខណៈគ្រូចាប់សសៃនៅស្រុកល្វាឯមម្នាក់ ជិះម៉ូតូមកចាប់សសៃឲ្យគេនៅស្ទឹងមានជ័យ មកដល់ផ្លូវជាតិលេខ១ ជិតវត្តចំប៉ា ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង ៥០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច ផ្លូវជាតិលេខ១ កែងវត្តចំប៉ា ក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាច់ញាតិ ក៏ដូចជាសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលជាគ្រូចាប់សសៃខាងលើ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-9419 ចេញពីផ្ទះនៅភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល បំណងមកចាប់សសៃឲ្យគេនៅស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះមកភ្នំពេញ លុះដល់ម្តុំវត្តចំប៉ា ស្រាប់តែឃើញគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅហើយ ដោយមិនដឹងថាគាត់បុកជាមួយអ្វី ឬអ្វីមកបុកគាត់នោះទេ ប្រជាពលរដ្ឋចេញមកឃើញតែគាតើ និងម៉ូតូ ចំណែកភាគីម្ខាងទៀតទៅបាត់ហើយ ។

ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវ ឆែកកាមេរ៉ាសុវត្ថិភាព ទើបដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងខណៈ ម៉ូតូម៉ាក C១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AF 9419 បើកបរដោយឈ្មោះ ម៉ៅ លី ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរ គ្រូចាប់សរសៃរ ស្នាក់នៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល បើកបរលើផ្លូវជាតិលេខ១ពីកើតទៅលិច ដល់ត្រង់ចំណុចកើតហេតុក្នុងល្បឿនលឿន បានជ្រុលទៅបុក ម៉ូតូសណ្ដោងរឺម៉ក់ ពីក្រោយ ក្នុងទិសដៅស្របគ្នា ម៉ូតូសណ្ដោងរឺម៉ក់នោះ មិនស្គាល់ម៉ាកនិងស្លាកលេខ(បើករត់គេចបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត) ដែលបើកបរពីកើតទៅលិច។ ពេលគ្រោះថ្នាក់រួចម៉ូតូបានដួលអូសខ្ទាតទៅមុខ ពេលនោះក៏មាន រថយន្តសាំយ៉ុង០១គ្រឿងទៀត មិនស្គាល់ស្លាកលេខ (ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត) បើកបរនៅលើផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត បានបុកអ្នកបើកបរម៉ូតូនិងម៉ូតូដែលដួលនោះ បន្ថែម បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុតែម្ដង ហើយរថយន្តសាំយ៉ុងនោះ បានបើកទៅមុខបាត់ទៅ ។

ក្រោយកើតហេតុ គេឃើញមានប្រជាការពារ សមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ និងនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកធ្វើការពិនិត្យវាស់វែង និងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីស្រាវជ្រាវរករម៉ក និងរថយន្ត មកចូលខ្លួនដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS