រាជធានីភ្នំពេញ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងបា.ញ់យុវជនម្នាក់ បណ្តាលឲ្យរបួសធ្លាយចង្កេះពីម្ខាងទៅម្ខាង និង២នាក់ទៀតរបួស នៅក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង ១:៤០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ពេលនេះ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការយ៉ាងក្តៅគគុក បង្ក្រាបនិងចាប់ខ្លួនបានហើយ ក្រោយខ្មាន់កាំភ្លើងរូបនេះ បា.ញ់តដៃជាមួយសមត្ថកិច្ចអស់ជាច្រើនគ្រាប់ រហូតដល់អស់គ្រាប់ ទើបកម្លាំងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបាន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង ០៦ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ មានការចូលរួមពី កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មាននឹងវត្តមានរបស់ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកអធិការខណ្ឌ៧មករា និងកម្លាំងជំនាញជាច្រើនទៀត ។
ប្រសាសន៍របស់ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់មកកាន់ Vithey News
ដោយឡែកនៅយប់ថ្ងៃដដែលនេះផងដែរ យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ទៀត ដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន ក្នុងខណ្ឌចំការមន។
សូមបញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញ ស្រាវជ្រាវតាមនីតិវិធី រហូតដល់វេលាម៉ោង១៩៖៣០នាទីនាថ្ងៃដដែល កម្លាំងជំនាញននៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ឈានដល់នាំខ្លួនបានជនសង្ស័យបានម្នាក់ ឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក Glock បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សារបស់ខ្លួន។ មធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ១ដើម ម៉ាក GLOCK។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងរៀបចំបញ្ជូនជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS