ព័ត៌មានជាតិ

កំពុងដើរសង្ស័យឃាត់ឆែកឆេររកឃើញគ្រឿងញៀន បន្តឃាត់បានអ្នកលក់ ជាប់ទាំងអស់៣នាក់

19-Dec-2024 355 views

ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន ៣នាក់ ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ខណៈម្នាក់ទៀតគេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧ និង ៥០នាទីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ ចំណុច ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន​៖

១- ឈ្មោះ កេត សុភណ្ឌ័(ហៅអាលៀន) ភេទប្រុស អាយុ ៤២ ឆ្នាំ (ខ្មែរ) មុខរបរ នេសាទត្រី មានទីលំនៅ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)

២- ឈ្មោះ ថុន ដេត ភេទប្រុស អាយុ ៤១ ឆ្នាំ (ខ្មែរ) មុខរបរ នេសាទត្រី មានទីលំនៅ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)

៣/- ឈ្មោះ ឆោម ទីន ភេទប្រុស អាយុ ៣៥ ឆ្នាំ (ខ្មែរ) មុខរបរ នេសាទត្រី មានទីលំនៅ ភូមិជយ័ឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)

៤/- ឈ្មោះ រ៉ែត តុងហេង ភេទប្រុស អាយុ ២៣ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិជយ័ឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន) ។

ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១ កញ្ចប់តូចទំងន់(០,១៤ក្រាម)។

សូមបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ កម្លាំងប៉ុស្តិ៍សំរោងធំនិងប្រជាការពារ បានធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំសំរោងធំ ពេលមកដល់ចំនុចកើតហេតុបានឃើញជនសង្សយ័ចំនួន០២នាក់ ឈ្មោះ កេត សុភណ្ឌ័ និង ឈ្មោះ ថុន ដេត កំពុងដើរនៅលើផ្លូវលំព្រែកតាកែវ ចំនុចភូមិជយ័ឧត្តម២ ដោយមានការសង្សយ័ កម្លាំងសមត្ថកិច្ច បាន ហៅជនសង្ស័យទាំង០២នាក់ អោយឈប់ ហើយសមត្ថកិច្ចបានត្រួតពិនិត្យ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូច នៅ ឈ្មោះ កេត សុភណ្ឌ័ រួចកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងយកមកផ្នែកប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូចនេះ ជារបស់ពួកខ្លួនពិតប្រាកដមែន ដោយពួកខ្លួន បានទៅទិញពីឈ្មោះ ឆោម ទីន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល តំលៃ ២០០០០រៀល(ពីរម៉ឺនរៀល)។

ក្រោយបានចំលើយសារភាពរបស់ឈ្មោះ ថុន ដេត និង ឈ្មោះ កេត សុភណ្ឌ័ នៅម៉ោង០៥:០៥នាទី ទាបភ្លឺ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការ ជាមួយប៉ុស្តិ៍សំរោងធំ បានបន្តទៅឃាត់ខ្លួន ឈ្មោះ ឆោម ទីន ភេទប្រុស នៅចំនុចផ្ទះរបស់ឈ្មោះ ឆោម ទីន រួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនមកផ្នែកប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឆោម ទីន បានសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយ ឈ្មោះ ខាងលើទាំង២នាក់ប្រាកដមែន ហើយថ្នាំញៀននោះ ឈ្មោះ ឆោម ទីន បានទិញពីឈ្មោះ រ៉ែត តុងហេង ភេទប្រុស ។

ក្រោយពីសួរនាំរួចជនសង្សយ័រួមទាំងវត្ថុតាង ចាត់ការតាមនិតិវិធីច្បាប់ ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS