ខេត្តកណ្តាល ៖ សាហាវមែន ករណីក្មេងទំនើងមួយក្រុម មានគ្នាប្រហែល ៦ទៅ៧នាក់ កាន់ដែកទីប រត់មកសំដៅយុវជន៣នាក់ កំពុងជិះម៉ូតូឌុបគ្នា ដោយបានគប់ដែកទីប ចំថ្ងាសអ្នកបើកម៉ូតូ ដួលអូសជាច្រើនម៉ែត្រ ស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម ខណៈអ្នកជិះពីក្រោយ២នាក់ទៀត រងរបួស ប្រញាប់នាំគ្នារត់ឲ្យអ្នកភូមិជួយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២:៥០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិ ស្វាយដំណាក់ ឃុំ ស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានចំនួន ០៣នាក់ ៖
១-ឈ្មោះពន បញ្ញា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ បើកបរឡានដឹកទឹកកក មានទីលំនៅភូមិពោធិ៍ ឃុំ ស្វាយពោធិ៍ ស្រុក ស្រីសន្ធរ កំពង់ចាម (ស្លាប់) ។
២-ឈ្មោះ សល់ វិសាល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ពោធិ៍ ឃុំ ស្វាយពោធិ៍ ស្រុក ស្រីសន្ធរខេត្តកំពង់ចាម (រងរបួស)។
៣.ឈ្មោះ ផល្លា ចាន់ណា ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ពោធិ៍ ឃុំ ស្វាយពោធិ៍ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម (រងរបួស)។
ចំណែកក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ នោះទេ និងបានរកឃើញ វត្ថុតាងដែកទីប ចំនួន ០១ កំណាត់ ប្រវែងប្រហែល១.២៥ម៉ែត្រ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៥.១២.២០២៤ វេលាម៉ោង ២២:០០នាទី ជនរងគ្រោះ រួមជាមួយនឹងមិត្តភ័ក្ត ឈ្មោះផល្លា ចាន់ណា និងឈ្មោះសល់ វិសាល បានហូបស្រាបៀរនៅផ្ទះរបស់ឈ្មោះសល់ វិសាល ដល់វេលាម៉ោង ២២:៤០នាទី ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ក្រហម ស៊េរី ២០២៥ ពាក់ផ្លាកលេខ កំពង់ចាម ១AF ៨៥៩៧ ចេញពីផ្ទះសំដៅមកដើរលេងនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ដោយជនរងគ្រោះឈ្មោះពន បញ្ញា ជាអ្នកឌុប ឈ្មោះ សល់ វិសាល ជិះនៅកណ្ដាល ឈ្មោះផល្លា ចាន់ណា ជិះពីក្រោយ ដល់វេលាម៉ោង ២២:៥០នាទី ថ្ងៃដដែល បានមកដល់ចំណុចមុខរោងកន្លែងជួសជុលម៉ូតូរបស់ឈ្មោះ ទីប ទី ភេទ ប្រុស អាយុប្រហែល២២ឆ្នាំ ស្ថិតនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រាប់តែមានក្រុមជនសង្ស័យចំនួន០៦ទៅ ០៧នាក់ មិនស្គាល់អត្តសញ្ញាណ បានរត់ចេញពីចំហៀងខាងកើតរោងកន្លែងជួសជុលម៉ូតូរបស់ឈ្មោះ ទីប ទី សំដៅមកជនរងគ្រោះ ដោយមានជនសង្ស័យម្នាក់ពាក់អាវយឺតដៃខ្លី ពណ៌ស មានកាន់ដែកបំពង់ទីបមួយកំណាត់ប្រវែងប្រហែល ១.២៥ម៉ែត្រ រត់មកដល់ចម្ងាយប្រហែល ៦ទៅ៧ម៉ែត្រពីម៉ូតូជនរងគ្រោះ ជនសង្ស័យបានយាដែកទីបគប់សំដៅទៅជនរងគ្រោះ ត្រូវចំថ្ងាសរបស់ជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូអូសចម្ងាយពីកន្លែងកើតហេតុប្រហែល ១០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះឈ្មោះពន បញ្ញា បានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះឈ្មោះសល់ វិសាល រងរបួសជង្គង់ទាំងសងខាង ហើយជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់ ។
បន្ទាប់មកក៏មានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរមៀត ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីកន្លែងកើតហេតុ និងបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះឈ្មោះសល់ វិសាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯជនរងគ្រោះឈ្មោះពន បញ្ញា បានស្លាប់បាត់បង់ជីវិតនៅទីកន្លែងកើតហេតុ និងរង់ចាំកម្លាំងជំនាញស្រុក និងកម្លាំនគរបាលការិយាល័យខេត្តធ្វើកោសល្យវិច្ច័យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ខណៈសមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ ៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS