ព័ត៌មានជាតិ

ពុទ្ធោអើយ ម៉ូតូកំពុងឆ្លងផ្លូវ ឡានបែនមកលឿនបុកអូសជាច្រើនម៉ែត្រ ស្លាប់យ៉ាងរន្ធត់ ផ្លោងម៉ូតូទៅលើសួន ប្រពន្ធកូន មកដល់ យំបោកខ្លួនយ៉ាងខ្លាំង មិនអាចទទួលយកបាន...

17-Dec-2024 273 views

រាជធានីភ្នំពេញ ៖ បើកអីក៏លឿនយ៉ាងហ្នឹង ពុទ្ធោអើយ បុរសអ្នកលក់សាច់ជ្រូកម្នាក់ កំពុងជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបែនមួយគ្រឿង បើកលឿនណាស់ មិនបង្អន់សោះ បុកអូសជាច្រើនម៉ែត្រ ស្លាប់យ៉ាងរន្ធត់ ម៉ូតូវិញផ្លោងទៅលើសួនច្បារចែកទ្រូងផ្លូវ ទើបអស់ល្បឿនទៅមុខលែងរួច ទុកឲ្យសាច់ញាតិ ប្រពន្ធកូន យំបោកខ្លួនយ៉ាងខ្លាំងមិនអាចទទួលយកបាន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ទល់មុខសាលាបឋមសិក្សាទួលកី ក្រុមទី១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សាច់ញាតិបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ឯម វណ្ណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់សាច់ជ្រូក មានប្រពន្ធ កូន៤នាក់ ប្រុស១នាក់ ស្រី៣នាក់ មានទីលំនៅ បុរីពិភពថ្មី១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1S-7646 ឆ្លងផ្លូវពីកើតទៅលិច មិនទាន់ផុតផង ស្រាប់តែរថយន្ត បែន ម៉ាក MITSUBISHI ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ KDL-0277 បើកលឿនពីត្បូងទៅជើង បុកម៉ូតូពេញទំហឹង អូសជាច្រើនម៉ែត្រ ស្លាប់យ៉ាងរន្ធត់ ម៉ូតូវិញផ្លោងទៅលើសួនច្បារចែកទ្រូងផ្លូវ ទើបអស់ល្បឿនទៅមុខលែងរួច ទូកឲ្យសាច់ញាតិ ប្រពន្ធកូន យំបោកខ្លួនយ៉ាងខ្លាំងមិនអាចទទួលយកបាន ។ បុកគេស្លាប់ហើយនោះ អ្នកបើកបររូបនេះ បានចុះពីលើរថយន្ត រត់គេចខ្លួនទៀត តែរត់បានតែ១គីឡូម៉ែត្រប៉ុណ្ណោះ ត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋ ដេញចាប់បានមកវិញ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ សហការជាមួយនគរបាលចរាចរណ៍ក្រុង ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ អែលវិចិត្រ+មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS