ខេត្តកណ្តាល៖ ធ្លាប់តែឃើញចោរប្រុស លើកនេះចោរស្រី ចេញលួចម៉ូតូស្តែងៗ ដោយមានជនសង្ស័យជាប្រុសៗ២នាក់ ឌុបមកទម្លាក់ នៅមុខហាងលក់កាមេរ៉ាសុវត្ថិភាព លួចបានជិះរត់ត្រណាត់ត្រណែង បុកគេឯងដួល ត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់បាន រួចខាងស្រីនេះថា បងនៅមានគ្នាខ្ញុំមនុស្សប្រុស ២នាក់ទៀតចាប់ពួកវាផង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជៅ សុខ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនិស្សិត។
ចំណែកជនសង្ស័យមានចំនួន ០៣នាក់៖
១-ឈ្មោះ គុយ សុលីកា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+)។
២-ឈ្មោះ សីហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៣-មិនស្គាល់ឈ្មោះ ភេទប្រុសប្រហែលអាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
ក្នុងនោះ វត្ថុតាងចាប់យក ម៉ូតូមួយគ្រឿងម៉ាកHonda C125ពណ៌ខ្មៅ សេរី២០១៧ ស្កាកលេខភ្នំពេញ១GK២០០០(របស់ជនរងគ្រោះ)។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចតទុកនៅខាងមុខហាងលក់កាម៉េរ៉ាសុវត្ថិភាពផ្លូវ២១០ភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយភ្លេចដកកូនសោរម៉ូតូ។ លុះមកដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ០៣នាក់ប្រុស២នាក់ស្រី១នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់ពណ៌ខ្មៅមកឈប់នៅខាងមុខហាង ហើយជនសង្ស័យម្នាក់ជាស្រីបានចុះទៅលួចម៉ូតូជនរងគ្រោះជិះចេញទៅ ពេលនោះជនរងគ្រោះបានចេញមកទាន់ហើយស្រែកថាចោរៗផ្អើលអស់ប្រជាពលរដ្ឋព្រមទាំងកម្លាំងនគរបាលក្រុងតាខ្មៅនិងប៉ុស្តិ៍តាខ្មៅ បានជិះដេញតាមរហូតដល់ស្តុបផ្លូវ១១០ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាស្រី្ត ចំនែកជនសង្ស័យ២នាក់ទៀតបានជិះរត់គេចខ្លួនបាត់ទៅ។
តាមការសាកសួរជនសង្ស័យបានឆ្លើយថាខ្លួននិងបក្ខពួក២នាក់ទៀតពិតជាបាននាំគ្នាលួចម៉ូតូរបស់ជនរងគ្រោះខាងលើ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS