ព័ត៌មានជាតិ

អត់ចេះខ្មាស់គេ គេខំឡើងត្នោតដើម្បីរកលុយ ឯងមកលួចកាច់.កម៉ូតូគាត់ ផ្អើលអ្នកដំណើរស្ទាក់ចាប់បាន ដាក់ទ្រមខ្លួន!

13-Dec-2024 298 views

រាជធានីភ្នំពេញ ៖ អត់ចេះខ្មាស់គេមែន មានដៃមានជើងត្រឹមត្រូវមិនគិតខំធ្វើការ រកលុយទេ មកលួចម៉ូតូរបស់ប្រជាពលរដ្ឋ ដែលជាអ្នកឡើងត្នោត បានសម្រេច សំណាងជនរងគ្រោះនៅលើដើមត្នោតឃើញទាន់ ស្រែកពីលើដើមត្នោតមកថាចោរៗ ផ្អើលប្រជាពលរដ្ឋនិងអ្នកដំណើរ នាំគ្នាស្ទាក់ចាប់បាន ដាក់ម្នាក់មួយដៃ មួយជើង យកខ្សែចងដៃទៅក្រោយ គាប់ជួនសមត្ថកិច្ចកំពុងល្បាតឃើញ ក៏ឃាត់យកមកប៉ុស្តិ៍តែម្តង។​

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ចំណុចផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ុល យីន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអ្នកឡើងត្នោត ស្នាក់នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ សុខ បញ្ញា ហៅថាច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រោមស្ពានច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមានសារធាតុញៀន ដកហូតបាន ដែកសម្រាប់ឆ្កឹះសោរ ចំនួន០១ , ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ ផ្លាកលេខភ្នំពេញ1AX-6309 លេខតួនិងលេខម៉ាស៊ីន8565160 ចំនួន០១គ្រឿង។

សូមបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ ផ្លាកលេខភ្នំពេញ1AX-6309 ចេញពីផ្ទះជួល ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីទៅឡើងយកទឹកត្នោតជូរនៅម្តុំផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះទៅដល់កន្លែងយកទឹកត្នោតជូរនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល រួចក៏បានទុកម៉ូតូម៉ាកខាងលើនៅលើចិញ្ចើមផ្លូវបេតុង៣០ម៉ែត្រ ហើយជនរងគ្រោះក៏បានចាក់សោរកម៉ូតូនិងចាក់សោរជនទល់ម៉ូតូត្រឹមត្រូវ រួចជនរងគ្រោះក៏បានឡើងដើមត្នោតយកទឹកត្នោតជូរ ស្រាប់តែឃើញជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ រួចបណ្តើរបានប្រហែល៣ម៉ែត្រ ហើយជនរងគ្រោះក៏បានស្រែកថា ចោរៗ ដើម្បីឲ្យអ្នកជិតខាងជួយ រួចជនសង្ស័យក៏បានផ្តួលម៉ូតូរត់គេចខ្លួន ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសកំពុងជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋានក្បែរកន្លែងកើតហេតុស្រាប់ក៏បានជួយអន្តរាគមន៍ ឃាត់ជនសង្ស័យខាងលើរួមនិងវត្ថុតាង បញ្ជូនមកកាន់ប៉ុស្តិ៍ ។

ក្រោយពីធ្វើការសាក សួរជនសង្ស័យខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ច ថារូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើដែកឆ្កឹះសោរកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យ បណ្តឹងចំឈ្មោះជនសង្ស័យខាងលើ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត្តអោយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់តែម្ដង ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS