រាជធានីភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជារដឹកនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ រួមទាំងលោក វរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ និងនគរបាលចំណុះអធិការខណ្ឌ បានធ្វើការបង្ហាញមុខជនសង្ស័យសរុបចំនួន ៣នាក់ ជាសាធារណៈឲ្យមហាជនបានឃើញ មុនបញ្ជូនខ្លួនទៅកាន់តុលាការ ដោយក្នុងនោះមានម្នាក់ ជាចោរលួចម៉ូតូ ត្រូវសមត្ថកិច្ចចាប់បាន ក្រោយលួចគេបានតែ៣ម៉ោងប៉ុណ្ណោះ ។ ចំណែក ២នាក់ទៀត ត្រូវសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះវាស់ជាតិអាកុល ឃាត់ខ្លួន ក្រោយរកឃើញមានការពាក់ព័ន្ធនឹងករណីគ្រឿងញៀន ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ អ៊ូច ចាន់រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចតូបលក់អំបុក ផ្លូវជាតិលេខ១ ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្រោយលួចម៉ូតូគេ ជនរងគ្រោះឯម វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខរោងចក្រ មកប្តឹងបាន០៣ម៉ោង កាលពីវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចមុខផ្ទះដូរលុយវីង ផ្លូវបេតុង ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងនោះ សម្ភារៈបន្សល់ទុក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KJ-5466 មានលេខតួនិងលេខម៉ាស៊ីន 0092339 ចំនួន០១គ្រឿង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះកំពុងតែដេកនៅផ្ទះស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែឈ្មោះ រិន សារុន ហៅ តោ ភេទប្រុស អាយុ២៩ឆ្នាំ បានទូរស័ព្ទហៅជនរងគ្រោះឱ្យទៅផ្ទះរបស់គាត់ (រិន សារុន ហៅ តោ) ស្ថិតនៅភូមិព្រៃធំខាងលើដែរ ។ ហើយជនរងគ្រោះក៏បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KJ-5466 ទៅផ្ទះរបស់ឈ្មោះ រិន សារុន ហៅ តោ ។ ពេលទៅដល់ក៏បានជួបជនសង្ស័យដែលជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ រួចជនសង្ស័យក៏បានពឹងជនរងគ្រោះ ឱ្យជូនទៅបញ្ជាំទូរស័ព្ទដៃនៅម្ដុំផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយជនរងគ្រោះក៏បានឌុបជនសង្ស័យ ទៅដាក់បញ្ជាំទូរស័ព្ទដៃ នៅផ្សារទួលពង្រខាងលើ រួចជនរងគ្រោះក៏បានឌុបជនសង្ស័យត្រឡប់ទៅផ្ទះស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះឌុប ជនសង្ស័យ ទៅដល់ផ្ទះដូរលុយវីង ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យក៏បានឱ្យជនរងគ្រោះទៅដាក់លុយចំនួន០៥ដុល្លារ (ប្រាំដុល្លារអាមេរិក) ចូលគណនីវីងរបស់ឈ្មោះ រិន សារុន ហៅ តោ ទើបជនរងគ្រោះឈប់ម៉ូតូនៅខាងមុខផ្ទះវីងដូរលុយ ដោយមិនបានដកកូនសោរម៉ូតូចេញពីម៉ូតូទេ រួចជនរងគ្រោះក៏ដើរចូលទៅដាក់លុយ ចំណែកជនសង្ស័យនៅចាំកន្លែងម៉ូតូ។
រហូតដល់វេលាម៉ោង១៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល ពេលជនរងគ្រោះដាក់លុយរួច ក៏បានដើរមករកម៉ូតូវិញ ស្រាប់តែបាត់ជនសង្ស័យ និងម៉ូតូម៉ាកខាងលើ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បីឆែកជីភីអេសដែលបំពាក់នៅជាប់ម៉ូតូ ។
សមត្ថកិច្ចបានឆែកជីភីអេស ដែលបំពាក់នៅម៉ូតូម៉ាកខាងលើ បង្ហាញទីតាំងនៅផ្លូវជាតិលេខ១ ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ហើយសមត្ថកិច្ចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បីឱ្យជួយអន្តរាគមន៍ ។ រហូតដល់វេលាម៉ោង១៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KJ-5466 មានលេខតួនិងលេខម៉ាស៊ីន 0092339 ចំនួន០១គ្រឿង ត្រង់ចំណុចតូបលក់អំបុក ស្ថិតនៅភូមិដូនលែបឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំតាមនីតិវិធីច្បាប់ ។
លុះដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩និង០០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានទៅសហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នាំខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានឆ្លៀងឱកាសពេលជនរងគ្រោះដើរទៅដាក់លុយនៅកន្លែងដូរលុយវីង ក៏បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅខេត្តស្វាយរៀងប្រាកដមែន។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។
ចំណែកជនសង្ស័យ២នាក់ទៀត ត្រូវបានកម្លាំងនគរបាលចរាចរណ៍ដាក់គោលដៅនៅផ្លូវជាតិលេខ៣ ត្រួតពិនិត្យអាវុធជាតិផ្ទុះវាស់ជាតិអាកុល ឃាត់ខ្លួនបាន ក្រោយរកឃើញមានការពាក់ព័ន្ធនឹងករណីគ្រឿងញៀន ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS