ព័ត៌មានជាតិ

នាងមានប្តីទៅហើយ! ប្រុសស្នេហ៍ទី២ កាប់ប្រុសស្នេហ៍ទី៣ជាមន្ត្រីនគរបាល នឹងពូថៅចំក្បាលជាច្រើនពូថៅដូចពុះអូស រត់គេចខ្លួន០១ខែ ៣ថ្ងៃ ពេលនេះចាប់ខ្លួនបានហើយ!!!

11-Dec-2024 275 views

រាជធានីភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជារដឹកនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ សមត្ថកិច្ចបានធ្វើការបង្ហាញមុខ ជនដៃដល់ ពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្មគិតទុកជាមុន កាន់ពូថៅ មកកាប់ប្រហារពីក្រោយចំក្បាលមន្ត្រីនគរបាលម្នាក់ កាប់យកៗដូចគេកាប់អុស ត្រូវជាច្រើនពូថៅ ហូរឈាមដាបពេញលើផ្លូវ និងខ្ទាតឈាមពេញម៉ូតូ កាលពី១ខែមុន នៅខណ្ឌដង្កោ ជាសាធារណៈ ក្រោយត្រូវបាន កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ ជាង ហ៊ុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនគរបាលខេត្តស្វាយរៀង និងអធិការដ្ឋាននគរបាលក្រុងបាវិត បំបែកករណីនេះ និងឈានទៅដល់ការចាប់ខ្លួនបាន ក្រោយជនដៃដល់ រត់គេចខ្លួនដល់ខេត្តស្វាយរៀងអស់រយៈពេល ១ខែ ០៣ថ្ងៃ ដោយចាប់ខ្លួនបាននៅច្រកព្រំដែនបាវិត។

សូមបញ្ជាក់ថា ករណីប៉ុនប៉ងឃាតកម្មនេះ បានកើតឡើងនៅចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៥ នាទីល្ងាច។

ជនសង្ស័យជនដៃដល់ ដែលឃាត់ខ្លួនបានមានឈ្មោះ អ៊ុត ឆេងហ៊ត ភេទ ប្រុស អាយុ៣៦ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួនថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០ នាទីល្ងាច នៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះជាមន្ត្រីនគរបាល របួសធ្ងន់។

ចំណែកវត្ថុតាងចាប់យកបានពេលកើតហេតុ មាន ពូថៅ ដងឈើ ចំនួន ០១ ដើម។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានស្គាល់រាប់អាន និងស្រឡាញ់គ្នាជាសង្សា ដោយលួចលាក់ រួមរក្សជាមួយគ្នាម្តងម្កាល ជាមួយឈ្មោះ ហ៊ុន រចនា ភេទ ស្រី អាយុ ៤០ ឆ្នាំ ដែលពេលនោះ ឈ្មោះ ហ៊ុន រចនា មានប្តី និងមានកូនចំនួន ០៤ នាក់ កំពុងរស់នៅជាមួយគ្នា ។ លុះដល់ថ្ងៃមិនចាំ ខែមករា ឆ្នាំ ២០២៤ ជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ ប្រើគណនីTikTokឈ្មោះ ដារិទ្ធ បានយករូបថតរបស់គាត់ដើរលេង ជាមួយឈ្មោះ ហ៊ុន រចនា មកផុសក្នុងគណនីTikTokរបស់គាត់ និងយករូបថតនេះផ្ញើមកគណនីTikTokរបស់ ជនសង្ស័យឈ្មោះ CHHENG HORT និងសរសេរអក្សរថា កុំទៅរញ៉េរញ៉ៃជាមួយឈ្មោះ ហ៊ុន រចនា ទៀត« បើ មិនចង់ងាប់ និងមិនចង់មានរឿង »ហើយចាប់ពីពេលនោះមកជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ បានឆាត និងទូរសព្ទទៅជេរ ប្រមាថ ជនសង្ស័យ ដោយពាក្យអសុរស និងឈ្មោះជេរគ្នាទៅវិញ ទៅមក តាមទូរសព្ទ័ ជាបន្តបន្ទាប់ រហូតដល់ជនសង្ស័យខឹង និងគុំចាំសងសឹកលើជនរងគ្រោះ ។

លុះនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៧ និង ៣០ នាទី ជនសង្ស័យបានចេញពី ធ្វើការ ត្រឡប់មកផ្ទះវិញ ពេលមកតាមផ្លូវឈប់បត់ជើងតូច ហើយបានឃើញពូថៅចាស់មួយនៅទីនោះ ក៏រើស យកមកទុកក្នុងកាបូបស្ពាយ យកមកផ្ទះនៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្ត កណ្តាល ។ លុះដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយនឹកខឹងជាមួយជនរងគ្រោះ ដែលតែងតែជេរប្រមាថ មើលងាយ មករលើខ្លួន ជាច្រើនលើកច្រើនសារ និងនឹកចង់សងសឹកវិញ ជនសង្ស័យក៏បានយកពូថៅនោះមកសំលៀង ឲ្យមុត រួចដាក់ក្នុងកាបូបស្ពាយយកតាមខ្លួនជិះម៉ូតូចេញពីផ្ទះភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មករាជធានីភ្នំពេញ ដើរទៅរកជនរងគ្រោះ ដើម្បីកាប់ ជាការសងសឹក តែរកមិនឃើញ ។ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៤ និង ៣០ នាទី ជនសង្ស័យគិតឃើញថា ឈ្មោះ ហ៊ុន រចនា តែងតែមក ទទួលកូនរបស់គាត់ចេញពីរៀន នៅសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ហើយជនរងគ្រោះ នឹងមកជួបជាមួយឈ្មោះ ហ៊ុន រចនា នៅមុខសាលារៀនដែរ ។ ជនសង្ស័យបានយកពូថៅដែលសំលៀងហើយ ដាក់ក្នុងកាបូបស្ពាយជិះម៉ូតូមកសាលារៀនសុវណ្ណភូមិ ដើម្បីរង់ចាំមើលជនរងគ្រោះ បើឃើញនិងយកពូថៅដៃកាប់ ជាការសងសឹក ហើយពេលសង្ស័យជិះម៉ូតូមកដល់សាលាសុវណ្ណភូមិកន្លែង ដែលកូនរបស់ឈ្មោះ ហ៊ុន រចនា រៀននោះ ជនសង្ស័យមិនបានឈប់ ម៉ូតូទេ គឺជិះម៉ូតូចុះ ឡើងៗ ទៅវិញទៅ មក នៅមុខសាលារៀនសុវណ្ណភូមិនោះ រង់ចាំមើលជនរងគ្រោះ រហូតដល់វេលាម៉ោងកើតហេតុ ជាម៉ោងដែល សិស្សចេញពីរៀន ក៏បានឃើញជនរងគ្រោះ កំពុងអង្គុយលើម៉ូតូនៅជិតរថយន្តមួយគ្រឿងម៉ាកRALLY ពណ៌ ខ្មៅ ពេលឃើញដូច្នោះជនសង្ស័យក៏បានជិះម៉ូតូយកទៅទុកនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ដែលនៅជាប់ សាលារៀនសុវណ្ណភូមិនោះ ហើយបានដើរទៅរកជនរងគ្រោះនិងបានយកពូថៅចេញពីក្នុងកាបូបស្ពាយ មកធ្វើ សកម្មភាពកាប់លើជនរងគ្រោះ ចំក្បាលពីក្រោយចំនួន ០៤ ទៅ ០៥ ពូថៅ រយះចេញឈាមជាច្រើន រួចហើយ ជនសង្ស័យបានកាន់ពូថៅ រត់មកយកម៉ូតូដែលទុកនៅស្ថានីយ៍ប្រេងឥន្ធនៈPTT ហើយបោះពូថៅចោលនៅលើ សួនច្បារមុខស្ថានីយ៍ប្រេងនោះ រួចយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។

ក្រោយកើតហេតុ ជនសង្ស័យក៏បានរត់គេចទៅសម្ងំលាក់ខ្លួននៅច្រកព្រំដែនបាវិត ហើយក៏ត្រូវសមត្ថកិច្ចសហការគ្នាបង្ក្រាបចាប់ខ្លួនបានមកវិញ ក្រោយគេចខ្លួនអស់រយៈពេល ១ខែ ០៣ថ្ងៃ ។ ពេលនេះជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្នុងនោះ យោងតាមផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបង្ហោះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ទាំងស្រុងថា «សមត្ថកិច្ចយើងខ្ញុំ សូមជំរាបជូនបងប្អូនមហាជន មេត្តាជ្រាបថា មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ!ដូចករណីនេះជាដើម យើងតាមឃាត់ខ្លួនជាមួយសមត្ថកិច្ចនគរបាល​ ខេត្តស្វាយរៀនបានហើយ។ ករណីនេះកើតឡើងដោយសារជនរងគ្រោះខ្លួនឯងផងដែរ​ (គឺកើតរឿងឡើងដោយសារស្រ្តីម្នាក់គាត់មានទំនាក់ទំនង ច្រើនខ្ញុំសុំមិនបញ្ចេញឈ្មោះនិងរូប)។ ខ្ញុំសូមផ្ញើជូនជនរងគ្រោះប្អូនប្រុស យឹម ដារិទ្ឋ​ និងបណ្ដាលអ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូច ច្រើនតែវាយប្រហារលើសមត្ថកិច្ចថាមិនមានសមត្ថិភាព​ មិនចាត់ការតាមចាប់ជនសង្ស័យ​(សមត្ថកិច្ចយើងខ្ញុំអនុវត្តន៌ភារកិច្ចតាមជំនាញវិជ្ជាជីវៈ​ និងវិធានច្បាប់គឺមិនមែនអនុវត្តតាមអារម្មណ៍នោះទេបាទ) ខ្ញុំសូមអរគុណលោកពុកអ្នកម៉ែបងប្អូនដែលចូលរួមគាំទ្រសមត្ថកិច្ចយើងខ្ញុំ ដោយសេចក្ដីគោរព ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS