ព័ត៌មានជាតិ

ចំថ្ងៃស៊យ! ខំឆក់កាបូបគេបានសម្រេចទៅហើយ ជិះរត់ មកជាប់របស់សមត្ថកិច្ចនៅស្តុបផ្សារច្បារអំពៅ ចាប់បានទាំង២នាក់!

03-Dec-2024 226 views

រាជធានីភ្នំពេញ៖ ចំថ្ងៃស៊យ ក្រុមចោរ ឆក់កាបូបលុយពីនារីម្នាក់បានសម្រេចទៅហើយ ខំជិះរត់ មកដល់ស្តុបផ្សារច្បារអំពៅ ជាប់របស់សមត្ថកិច្ច ដែលកំពុងប្រចាំការសម្រួលចរាចរណ៍ ។

ករណីនេះ កើតហេតុនៅចំណុច គល់ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងចាប់ឃាត់ខ្លួនបានទាំង២នាក់ នៅវេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី ០៣ខែធ្នូឆ្នាំ ២០២៤ ចំណុចស្តុបផ្សារច្បារអំពៅស្ថិតនៅលើផ្លូវជាតិលេខ ១ក្នុងសង្កាត់ច្បារអំពៅទី ២ខណ្ឌច្បារអំពៅ។

ជនសង្ស័យទី១ឈ្មោះម៉េង ទូចរស្មី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្លូវបេតុង សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(អ្នកបើកម៉ូតូ) ។ចំណែកជនសង្ស័យទី២ឈ្មោះ ម៉ៃ ហុង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ (អ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់) ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1JY-9149 ជិះចេញពីផ្ទះម្តុំចាក់អង្រែលើ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីត្បូងទៅជើង ឆ្ពោះទៅផ្សារច្បាអំពៅ ដើម្បីទិញម្ហូប លុះដល់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាក ស្មាស់ វី ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម 1E-6469 ធ្វើដំណើរស្របទិសគ្នា មកពីក្រោយ ឆក់យកកាបូបគាត់ដែលទុកនៅឃ្លុបម៉ូតូបានសម្រេច រួចជិះរត់ឡើងកាត់តាមស្ពានព្រះមុនីវង្សឆ្ពោះមកផ្លូវជាតិលេខ១វិញ ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយ ស្រែកចោរៗ រហូតដល់ចំណុចស្តុបផ្សារច្បារអំពៅ ផ្អើលសមត្ថកិច្ច ដែលកំពុងប្រចាំការសម្រួលចរាចរណ៍ ធ្វើការស្ទាក់ចាប់បានទាំង២នាក់តែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្ត ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS