ព័ត៌មានជាតិ

ខ្ទេចរណូករណែលពេញផ្លូវ! រថយន្តឡិចស៊ីស​ LX470 បុករះម៉ូតូមួយគ្រឿង រម៉ក២គ្រឿង និងរថយន្ត៥គ្រឿង របួសមនុស្ស៤នាក់ធ្ងន់ស្រាល!

28-Nov-2024 475 views

រាជធានីភ្នំពេញ ៖ ផ្អើលពេញផ្លូវ ខ្ទេចរណូករណែល របួសជាច្រើននាក់ ខណៈបុរសម្នាក់វ័យចំណាស់ បើករថយន្តក្នុងល្បឿនលឿន បុករះម៉ូតូកំពុងជិះឌុបកូនទៅរៀន បន្តទៅបុករះ រម៉ក២គ្រឿង និងរថយន្ត៥គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ពេញផ្លូវ បណ្តាលឲ្យមនុស្សចំនួន ៤នាក់ របួសធ្ងន់និងស្រាល បូករួមទាំងអ្នកបើកបររថយន្តបង្ក ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរសៀល​ ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៨២​ សង្កាត់ផ្សារដេប៉ូទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ​បុរសវ័យចំណាស់ម្នាក់ ​បើករថយន្ត​ ឡិចស៊ីស​ LX470 មួយគ្រឿង​ ទិលដៅពីកើតមកលិច​ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុ​ ស្រាប់តែរថយន្ត បានបើកបុកម៉ូតូ​ ដែលកំពុងជិះដោយឪពុក ឌុបកូនទៅរៀន មួយគ្រឿងកំពុងឆ្លងផ្លូវ​ រួចហើយរថយន្តនេះ ក៏បន្តមកបុករះរម៉ក​២គ្រឿង រទេះលក់ម្ជូរ១ និងរថយន្ត៥គ្រឿងទៀត ​ខ្ទេចពេញផ្លូវ និងបណ្តាលឲ្យមានអ្នករងរបួសចំនួន០៤នាក់ធ្ងន់ស្រាល រាប់ទាំងម្ចាស់រថយន្តបង្ក ។

ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់ទីតាំង​កើតហេតុ​ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តទាំង៦គ្រឿង រម៉ក២គ្រឿង និងម៉ូតូមួយគ្រឿង ទៅរក្សាទុកនៅការិយាល័យ​ជំនាញ​ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS