រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈសន្តិសុខម្នាក់ ជាបុរសពោះម៉ាយ បានស្លាប់ក្នុងប៉ុស្តិ៍យាម យ៉ាងអាណោចអាធ័ម សាច់ញាតិមកដល់ អួលដើម.ក អាណិតណាស់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង៩ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចប៉ុស្តិ៍យាម ក្នុងព្រះវិហារសាសនាគ្រឹះ មួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ១ ភូមិព្រែកជើងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ឈិន សំបូរ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនGIANT ទីលំនៅភូមិចំការថ្មី ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
តាមការបំភ្លឺពីឈ្មោះ ល៉ឹម ចំរើន ភេទប្រុស ជាសន្តិសុខយាមវេនយប់បានឲ្យដឹងថា ជនរងគ្រោះបានមកយាមកន្លែងកើតហេតុ រយៈពេលជាងកន្លះខែមកហើយ ដោយគាត់យាមវេនយប់ ហើយជនរងគ្រោះយាមវេនព្រឹក, មួយសប្តាហ៍នេះជនរងគ្រោះបានសុំស្នាក់នៅក្នុងកន្លែងកើតហេតុ, នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គាត់បានមកយាមដូចសព្វដង ហើយជនរងគ្រោះបានចូលទៅដេកក្នុងបន្ទប់ប៉ុស្តិ៍យាមបើកចំហរទ្វារ, លុះដល់វេលាម៉ោងប្រហែល០៦និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គាត់បានងើបទៅប្រាប់ជនរងគ្រោះដើម្បីឲ្យយាម ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះក៏បានមកដល់បញ្ជាក់ថា ជនរងគ្រោះសព្វថ្ងៃជាពោះម៉ាយ ខំប្រឹងធ្វើការជាសន្តិសុខ បែរជាស្លាប់បែបនេះទៅវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ សហការជាមួយនគរបាលជំនាញខណ្ឌ និងនគរបាលផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសាកសព បញ្ជាក់ថា សាកសពគ្មានពាក់អាវ ស្លៀកខោជើងវែងពណ៌ខ្មៅ នៅក្នុងហោប៉ៅខោមានប្រេងកូឡា១ខ្លង, សាកសពមានសភាពរឹង ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS