ព័ត៌មានជាតិ

សាហាវមែន ! ខឹងសុំលុយម៉ែមិនបាន កូនតិរច្ឆានកាប់ក្បាលម្តាយជាច្រើនពូថៅ ស្លាប់យ៉ាងរន្ធត់ក្នុងវាលស្រែ

21-Nov-2024 176 views

ខេត្តកំពង់ចាម ៖ ពិតជាសាហាវមែន កូនតិរច្ឆាន ទាញពូថៅ កាប់ក្បាលម្តាយជាច្រើនពូថៅ ស្លាប់យ៉ាងរន្ធត់ក្នុងវាលស្រែ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​តាម​ប្រមាញ់​ចាប់ខ្លួន​បាន ។

ករណីឃាតកម្មដ៏សាហាវនេះបានកើតឡើង នៅវេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ត្រង់​ចំណុច​វាលស្រែ​មួយ​កន្លែង ក្នុងភូមិ​លិច​វត្ត ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលត្រូវជនដៃដល់ជាកូនកាប់សម្លាប់ មានឈ្មោះ ​ជាម ពៅ ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត ។ ចំណែកឃាតកជាកូនមានឈ្មោះ គុយ ដុល្លា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​លិច​វត្ត ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខណៈដែល​មុនពេល​កើតហេតុ ម្ដាយ​បាន​ធ្វើ​ដំណើរ​មក​មើល​គេ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ ​ឆ្ងាយពី​ផ្ទះ​ប្រមាណ​២,០០០​ម៉ែត្រ​។ ពេលកំពុង​តែ​អង្គុយ​ក្រោម​ដើម​អំពិល​ ​ស្រាប់តែ​កូនប្រុស​ដែលបែក​ថ្នាំញៀន មក​ដល់​មិន​បាន​សួរនាំ​អ្វី​ច្រើនទេ យក​ពូថៅ​កាប់​លើ​ក្បាល​ម្ដាយជាច្រើនពូថៅ ស្លាប់យ៉ាងរន្ធត់ក្នុង​ថ្លុកឈាម​ ចំណែក​ក្រុម​អ្នកស៊ីឈ្នួល​ច្រូតស្រូវ ដែល​ឃើញ​ហេតុការណ៍​ និងសុទ្ធតែជាមនុស្សចាស់ មានការតក់ស្លុត និងមិនហ៊ានចូលទៅជួយដោយសារជនដៃដល់មានពូថៅជាប់ដៃ ក៏ប្រញាប់រត់ចែកជើងគ្នាមកប្តឹងសមត្ថកិច្ច ​។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ​កម្លាំងសមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​សព​ស្ត្រី​ជា​ម្ដាយ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម កម្លាំងខ្លះ ធ្វើការ​ពិនិត្យ​សព ​កម្លាំងខ្លះទៀត​ដេញ​តាម​ប្រមាញ់​កូនដែលជា​ឃាតករ ​ដោយ​ចាប់​បាន​នៅ​ចំណុច​រោង​ពុះអុស​ស្វាយចន្ទី ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ ពី​កន្លែង​កើតហេតុ ដក​ហូត​បាន​ពូថៅ​មួយ​ ដែលជា​របស់​ម្ចាស់​រោង​ដែល​គេ​ទុក​សម្រាប់​ពុះអុស ​បញ្ជូន​ទៅធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ខណៈជនដៃដល់ជាកូនឆ្លើយថា ខឹងម្តាយ ព្រោះសុំលុយមិនបាន ក៏កាប់សម្លាប់តែម្តង ខណៈកន្លងមកជនដៃដល់រូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ដាក់​ពន្ធនាគារ​ចំនួន​២លើកមកហើយ ពី​បទ​ចែកចាយ​គ្រឿងញៀន ហើយ​ត្រូវ​បាន​ដោះ​លែង​វិញបាន ២​ទៅ​៣​ឆ្នាំ​ តែមិនរាង រករឿងអុកឡុងម្តាយ តែម្តាយមិនប្រកាន់ព្រោះជាកូន រហូតមកកើតរឿងបែបនេះទៅវិញ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS