រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) និងប្រើប្រាស់អាវុធខុសច្បាប់ កាលពីវេលាម៉ោង ៣និង ៣០នាទីរសៀល ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបេតុង ភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆាំ អុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត រស់នៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងនោះ វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ០៥កញ្ចប់ (ធំ០២កញ្ចប់ ,មធ្យម០៣កញ្ចប់) ទម្ងន់ ២២៣,៨ក្រាម
-អាវុធខ្លី០១ដេីម ម៉ាកK54 (បង់០១ ,គ្រាប់០៦គ្រាប់)
-រថយន្ត០១គ្រឿង ម៉ាកToyota Prius សេរីឆ្នាំ២០១២ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BF.4636 (គ្មានឯកសារ)
-ជញ្ជីងថ្លឹងថ្នាំញៀន០១
-លុយខ្មែរ ៤លានរៀល
-ទូរសព្ទដៃ១គ្រឿង ម៉ាកoppo (ពណ៌ស-ផ្ទៃមេឃ)
-ឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន។
សូមបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុ ។ ក្រោយពីទទួលបានព័ត៌មានបានភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកអធិការនគរបាលស្រុកអង្គស្នួល កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដំណាក់អំពិល សំរោងលើពើក បានចុះទៅដល់កន្លែងកើតហេតុ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដកហូតវត្ថុតាងដូចខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនម៉ាទឹកកកខាលើ ទិញពីមុខសញ្ញាឈ្មោះ ធី ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ មុខរបរមិនពិត រស់នៅខេត្តកំពង់ស្ពឺ ក្នុងតម្លៃពីរលានរៀល ដើម្បីលក់បន្ត។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS