រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ជិះម៉ូតូចេញពីផ្ទះទៅធ្វើការ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់បាក់ជើងម្ខាង របួសក្បាល និងសង្ស័យបាក់ដៃ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំនុចខាងកើតរង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសកម្មករសំណង់ម្នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH -7258 ចេញពីផ្ទះក្នុងសង្កាត់ទៀន បំណងទៅធ្វើការ លុះដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយមិនទាន់ដឹងថា មានអ្វីមកបុកគាត់នោះទេ តែបើតាមប្រភពព័ត៌មានបឋម នៅទីតាំងកើតហេតុបញ្ជាក់ថា គាត់ត្រូវបានរថយន្តបុក បណ្តាលឲ្យ របួសធ្ងន់បាក់ជើងម្ខាង របួសក្បាល និងសង្ស័យបាក់ដៃ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ។
បន្ទាប់ពីកើតហេតុ គេក៏ឃើញមាន ក្រុមគ្រួសារជនរងគ្រោះបានមកដល់ មិនបានប្តឹងផ្តល់អ្វីនោះទេ បានសុំសមត្ថកិច្ចយកម៉ូតូរបស់ជនរងគ្រោះត្រឡប់ទៅវិញ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS