រាជធានីភ្នំពេញ ៖ រថយន្តដឹកអង្ករមួយគ្រឿង បានគេចពីរម៉កដឹកទំនិញ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់អង្ករចោលពេញលើផ្លូវតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយ ៣០ម៉ែត្រក្នុងភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក ហុីយ៉ាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ 3F-0197 ដឹកអង្ករនៅលើរថយន្ត ធ្វើដំណើរពីលិចមកកើត តាមបណ្តោយផ្លូវក្នុងបុរីសន្តិភាព២ បំណងឆ្ពោះទៅអូរឬស្សី លុះដល់ចំណុចកែងផ្លូវបេតុង រថយន្តក៏បានគេចពី រម៉កដឹកទំនិញ មកខាងស្តាំដៃ បណ្តាលអោយក្រឡាប់ផ្ងារជើងចាក់អង្ករពេញផ្លូវ សំណាងល្អមិនមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ ដោយពិនិត្យឃើញថាមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋនិងឯកជននោះ ក៏សម្រេចអោយម្ចាស់រថយន្តលើកយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS