ព័ត៌មានជាតិ

ករណីចាក់ថ្នាំស្លាប់ស្ត្រីម្នាក់ រួចដឹកសពយកមកប្លុងចោល មន្ទីរសុខាភិបាលខេត្តតាកែវ បញ្ជាក់ថា គ្លីនិកខាងលើបើកឥតច្បាប់ និងឃាត់ខ្លួនម្ចាស់គ្លីនិក២នាក់ប្តីប្រពន្ធ!

20-Nov-2024 306 views

ខេត្តតាកែវ ៖ ករណីចាក់ថ្នាំស្ត្រីម្នាក់ រួចដឹកសាកសពយកមកប្លុងចោល មន្ទីរសុខាភិបាលខេត្តតាកែវ បញ្ជាក់ថា គ្លីនិកខាងលើបើកឥតច្បាប់ និងឃាត់ខ្លួនម្ចាស់គ្លីនិក២នាក់ប្តីប្រពន្ធ!

ក្នុងនោះ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងស្តីពី ករណីស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ នៅទីតាំងផ្តល់សេវា សុខាភិបាលឯកជនឥតច្បាប់ ឈ្មោះ សុងហាក់ ម៉ារីណា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្រោយបាន ទទួលព័ត៌មាននៃការស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាកែវ បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច៖

១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យមាន សកម្មភាពជាដាច់ខាត

២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន

៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួង សុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្ករតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ សូមប្តេជ្ញាចិត្តចំពោះមុខក្រសួង សុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយក្រុមគ្រួសារសព និងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

ខណៈរដ្ឋបាលខេត្តតាកែវ ក៏បានចេញនូវ សេចក្តីប្រកាសព័ត៌មាន ស្តីពី

ករណីមរណភាពរបស់ស្ត្រីឈ្មោះ ណាំ ចន្ទ ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ

បន្ទាប់ពីទទួលបានព័ត៌មានករណីមរណភាពស្ត្រីឈ្មោះ ណាំ ចន្ទ ដែលរស់នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ រដ្ឋបាលខេត្ត និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង រដ្ឋបាលស្រុកបាទី ដើម្បីចាត់តាំងមន្ត្រីជំនាញ និង មន្ត្រីពាក់ព័ន្ធដើម្បីចុះ ពិនិត្យស្រាវជ្រាវ និង បានចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។

ពាក់ព័ន្ធករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយ មិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តឡើយ។ ទន្ទឹមនេះ សមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរ នាក់ប្តី ប្រពន្ធ ដើម្បីយកមកសួរនាំ និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្កោលទោសចំពោះទង្វើដ៏អមនុស្ស ធម៌ ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមឈឺឆ្អាល ចំពោះអំពើដ៏អមនុស្សធម៌នេះ ក្នុងការពង្រឹងនិងការពារសុខភាពសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ប្រសើរ។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំខេត្ត និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និង សោកស្តាយជាទីបំផុតជាមួយគ្រួសារនៃសព និងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS