រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ព្យាយាមសម្លាប់ខ្លួនច្រើនដង តែអ្នកផ្ទះលួងលោមឃាត់ទាន់ពេល លើកនេះ ម្តាយកំពុងឈឺនៅមន្ទីរពេទ្យ បានផ្តាំប្រាប់អ្នករស់នៅជិតបន្ទប់គ្នាថា ចាំស្អែកគាត់សងលុយ គេក៏តបថា មិនអីទេបង មានពេលណា ចាំសងពេលនឹងទៅ ស្រាប់តែល្ងាចឡើង ចងកសម្លាប់ខ្លួនស្លាប់ក្នុងបន្ទប់ជួលតែម្តង ម្តាយគ្រាន់តែលឺដំណឹងប្រញាប់ចេញពីពេទ្យមកមើលសាកសពកូន... ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងបន្ទប់ជួលជាន់ទី១ លេខ៧ ផ្លូវបេតុង ក្នុងភូមិព្រែកទារ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបឋម ពីអ្នករស់នៅបន្ទប់ជិតគ្នា បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាកម្មការិនីរោងចក្រ បានផ្តាំផ្ញើរទៅអ្នកដែលនៅបន្ទប់ជិតគ្នា ថាចាំស្អែកគាត់សងលុយ គាត់ក៏ប្រាប់ថា មិនអីទេបង មានពេលណា ចាំសងពេលនឹងទៅ ស្រាប់តែល្ងាចឡើងចងកសម្លាប់ខ្លួន ក្នុងបន្ទប់ជួលតែម្តង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលជំនាញផ្នែកកោលស្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការហ៊ុំព័ទ្ធខ្សែពិនិត្យសាកសព ។
ដោយឡែកម្តាយវិញ កំពុងតែឈឺ សម្រាកនៅមន្ទីរពេទ្យអង្គស្នួល គេតេមកប្រាប់ថា កូនចងកស្លាប់ហើយ ក៏ប្រញាប់មកមើលកូន និងបានបញ្ជាក់ថា កូនស្រីរបស់គាត់ បានលែងលះជាមួយគ្រួសារហើយ សព្វថ្ងៃ រស់នៅម្នាក់ឯងនៅបន្ទប់ជួលខាងលើ ធ្វើការជាកម្មការិនីរោងចក្រ ហើយកន្លងមក កូនរបស់គាត់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ២ដង និងលេបថ្នាំសម្លាប់ខ្លួនម្តងហើយ តែគ្រួសារលួងលោមឃាត់ទាន់ពេលវេលា ស្រាប់តែលើកនេះ ចងកសម្លាប់ខ្លួនស្លាប់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS