ខេត្តកណ្តាល ៖ សម្លេងផ្ទុះគ្រាប់កាំភ្លើងផ្ទួនៗគ្នាជាច្រើនគ្រាប់បានលាន់ឡើង ខណៈឮសម្លេងស្រែកឡូឡាឈ្លោះប្រកែកគ្នាខ្លាំងៗមួយសន្ទុះ ស្រាប់តែបុរសម្នាក់បានដកកាំភ្លើងខ្លី បាញ់ទៅលើបុរសស្ត្រី២នាក់ប្ដីប្រពន្ធ ជាអ្នកនៅបន្ទប់ជួលជាប់គ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ផ្អើលសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចេញជួយអន្តរាគមន៍ ឃាត់ខ្លួនបានខ្មាន់កាំភ្លើងបាន យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលភ្លាមៗផងដែរ។
ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ផ្ទុះអាវុធ) នេះបានកើតឡើងនៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី នៅចំណុច បន្ទប់ជួលលេខ៣ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សយ សុផានី ភេទប្រុស ថ្ងៃ ខែឆ្នាំ កំណើត ០៨.វិច្ឆិកា ១៩៦៥ មានស្រុកកំណើតនៅភូមិថ្នល់ចាក់សម្រាម ឃុំចាក់អង្រែ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុខរបរ នគរបាលជាតិ ឋានន្តរសក្តិ វរសេនីយ៍ឯក និងជាប្រធានសាខាប្រមូលថវិការចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ (ឃាត់ខ្លួន)។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះចំនួន២នាក់ ៖
១.ឈ្មោះ ស៊ាង តូម៉ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ លក់កង់បី(PassApp) ទីលំនៅ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សីលិច ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន៣គ្រាប់)។
២.ឈ្មោះ ជា សុភី ភេទស្រី អាយ៥៤ឆ្នាំ មុខរបរ នៅផ្ទះ
ទីលំនៅ ទីលំនៅ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន១គ្រាប់)។
ករណីនេះ បណ្តាលឲ្យ៖
-ជនរងគ្រោះឈ្មោះ ស៊ាង តូម៉ា ត្រូវចំក្រោមឆ្អឹងជំនីខាងស្តាំ , កំភួនដៃខាងធ្វេង , ដៃខាងស្តាំ និងភ្លៅខាងធ្វេង។
-ជនរងគ្រោះឈ្មោះ ជា សុភី ត្រូវចំភ្លៅខាងស្តាំ។
ចំណែកវត្ថុតាង ៖
-អាវុធខ្លី54 លេខ59000952 ចំនួន១ដើម
-បង់មានគ្រាប់ ចំនួន៤គ្រាប់
-សំបកសន្ទុះចំនួន៤
-ទូរសព្ទ័Oppo ពណ៌ខ្មៅចំនួន១គ្រឿង
របាយការណ៍បានបន្តថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរនិងបានអោយដឹងថា ជនរងគ្រោះជួលបន្ទប់លេខ២ ជាមួយប្តីប្រពន្ធ និងចៅ២នាក់ ឈ្មោះ ម៉ា ស៊ានលៀង អាយុ៧ឆ្នាំ ភេទស្រី និង
ឈ្មោះ ម៉ា ស៊ានឡី ត្រូវជា អាយុ២ឆ្នាំ ភេទប្រុស ដោយជនរងគ្រោះរស់នៅជាប់បន្ទប់ជាមួយជនសង្ស័យដែលជួលបន្ទប់លេខ៣ ជាប់គ្នា តែងតែមានពាក្យសំដីមិនត្រូវគ្នា មានរឿងបញ្ហាមាត់ឡូឡាលឺៗ ជាញឹកញាប់ នៅជិតបន្ទប់ជនសង្ស័យ។ លុះនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី ជនសង្ស័យឈ្មោះ សយ សុផានី បានអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូកង់បី(Pass App) របស់ខ្លួនមក ដល់បន្ទប់មានសភាពស្រវឹងទាំងពីរនាក់ បានដល់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេ ដោយពាក្យសំដីថា ហែញ់ពូកែថ្លង់ អាញ់ធ្វើអោយថ្លង់ ក៏បិទទ្វារលឺសូរ ហើយក៏ជេទៀត ក៏ជនសង្ស័យស្រែកហៅម្ទាស់ផ្ទះជួលអោយជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ជេ សម្លេងលឺៗ ក៏ធ្វើអោយជនសង្ស័យប៉ះពាក្យសំដី ក៏ជនរងគ្រោះបានដើរចូលបន្ទប់ជនសង្ស័យ ធ្វើអោយជនសង្ស័យយកកាំភ្លើងចេញមក ក៏បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ ធ្វើអោយជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ បានហៅអោយគេជួយ។បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី បានចុះមកដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
តាមការរៀបរាប់របស់ជនស្ស័យបានរៀបរាប់ថា ជនរងគ្រោះមកពីផឹកស៊ីស្រវឹង បានជេទៅលើជនសង្ស័យមិនមានមូលហេតុ ហើយបានរករឿងជនសង្ស័យដល់ក្នុងបន្ទប់ ក៏ខឹងទាយកាំភ្លើងបាញ់មកលើជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS