ព័ត៌មានជាតិ

សមត្ថកិច្ចបង្ហាញមុខ ជនជាតិតៃវ៉ាន់២នាក់ ក្រោយផលិតមាតិកាវីដេអូបង្កឱ្យប៉ះពាល់ដល់កិត្តិយស​និងទេសចរណ៍​ខេត្តព្រះសីហនុ

15-Feb-2024 578 views

ខេត្តព្រះសីហនុ៖ បុគ្គលជនជាតិតៃវ៉ាន់ ២នាក់ត្រូវបានចាប់ខ្លួន ក្រោយផលិតមាតិកាវីដេអូបង្កឱ្យប៉ះពាល់ដល់កិត្តិយស សន្ដិសុខសណ្ដាប់ធ្នាប់ និងទេសចរណ៍ របស់ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថាជនជាតិចិនតៃវ៉ាន់ ២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសន្ដិសុខសណ្ដាប់ធ្នាប់ និងទេសចរណ៍ នៅខេត្តព្រះសីហនុ។

យោងតាមសេចក្ដីរាយការណ៍ជំហានដំបូងបានឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ ឬចុចឡាយ រហូតដល់ជាង៥លាននាក់។

វីដេអូដែលពួកគេផលិតនោះមានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ហើយមានបំណងមកលេងកម្សាន្ដនៅខេត្តទេសចរណ៍មួយនេះតែម្ដង ទាំងដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងឡើយ ពោលពួកគេគ្រាន់តែធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។

ក្រោយចាប់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានស្រោមមុខខ្មោច និងសម្ភារៈបម្រើឲ្យការថតវីដេអូមួយចំនួនទៀតផងដែរ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS