ព័ត៌មានជាតិ

ផឹកចាំស្រាជេរបញ្ចោរ បង្កជាជម្លោះផ្ទុះហិង្សា វាយនិងគប់មិនដឹងចាស់ក្មេង របួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

17-Jul-2024 216 views

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយផឹកចាំស្រាជេរបញ្ចោរ រហូតបង្កជាជម្លោះផ្ទុះហិង្សា វាយ ធាក់ យកដុំថ្មគប់ ទៅលើជនរងគ្រោះ ០៣នាក់ឪពុកកូន មិនគិតគាត់ចាស់ៗទាំងគាត់ចូលឃាត់សោះ បណ្តាលឲ្យរងបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​២១ និង ១៥ នាទីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៤ ចំណុច ភូមិ ថ្មស ឃុំ ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះមាន ចំនួន០៣នាក់រួមមាន ៖

១-ឈ្មោះ ប្រាក់ ដាណែត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ

២-ឈ្មោះ មុំ សុខខេង ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ

៣-ឈ្មោះ ប្រាក់ ឈិន ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ។

-អ្នកទាំង០៣នាក់ មានទីលំនៅ ភូមិ ថ្មស ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល។

*ចំណែកជនសង្ស័យ ឈ្មោះ ប៉ក់ សៅឌី ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងដែក មានសារធាតុញៀនក្នុងទឹកនោម (+) រស់នៅជាមួយគ្នា ដកហូតវត្ថុតាង ដុំថ្ម ចំនួន០១ ទម្ងន់ ០,៦០ គីឡូក្រាម។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ប្រាក់ ដាណែត បានដើរកាន់ចាន ទៅសុំបាយពីផ្ទះរបស់ឈ្មោះ ឡាង គឹម ភេទប្រុស ក្នុងពេលនោះឈ្មោះ ប៉ក សម្បត្តិ ដែលកំពុងផឹកស៊ីនៅផ្ទះរបស់ខ្លួន ជាមួយជនសង្ស័យឈ្មោះ ប៉ក់ សៅឌី ជាជនសង្ស័យត្រូវជាបងប្រុសបង្កើត បានស្រែកហៅជនរងគ្រោះឱ្យមកផឹកស្រាបៀមួយកំប៉ុង ក្នុងពេលនោះជនសង្ស័យក្នុងស្ថានភាពស្រវឹងស្រា បាននិយាយហាមឃាត់មិនឱ្យឈ្មោះ ប៉ក់ សម្បត្តិ ហៅជនរងគ្រោះមកផឹកជាមួយទេ ព្រមទាំងបាននិយាយទៅកាន់ជនរងគ្រោះថា៖ អានឹងឆ្កែលែងព្រូសហើយ ភ្លាមនោះជនសង្ស័យ និងជនរងគ្រោះ បានទាក់ពាក្យសម្តីឈ្លោះប្រកែកគ្នា បន្ទាប់មកជនរងគ្រោះក៏បានដើរចូលទៅផ្ទះរបស់ខ្លួនបាត់ទៅ ជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួន ដែលមានផ្ទះទាល់មុខគ្នាជាមួយផ្ទះរបស់ជនរងគ្រោះ ពេលទៅដល់ជនសង្ស័យ បានស្រែកជេរបញ្ចោរទៅលើជនរងគ្រោះម្តងទៀត ស្របពេលនោះជនរងគ្រោះបានដើរចេញពីក្រៅរបងផ្ទះរបស់ខ្លួន មកឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យ រហូតដល់មានការវាយប្រតាយប្រតបគ្នាទៅវិញទៅមក ។ ក្នុងពេលកើតហេតុនោះផងដែរ ជនរងគ្រោះឈ្មោះ ប្រាក់ ឈិន ត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះ ប្រាក់ ដាណែត បានស្ទុះចូលទៅជួយឃាត់ និងបានរុញច្រានឱ្យជនសង្ស័យត្រឡប់ទៅផ្ទះទៅវិញ ជនសង្ស័យខឹង បានដាល់ទៅលើម្តាយជនរងគ្រោះ០១ដៃ ប៉ុន្តែពុំត្រូវ ហើយជនសង្ស័យក៏បានទាត់ទៅម្តាយជនរងគ្រោះចំនួន០១ជើងទៀត ចំថ្គាមខាងឆ្វេង បណ្តាលឱ្យហើម ឃើញដូចនោះជនរងគ្រោះឈ្មោះ ប្រាក់ ដាណែត បានស្ទុះទៅវាយប្រតាយប្រតប់គ្នាជាមួយជនសង្ស័យម្តងទៀត រហូតមានអ្នកជិតខាង បានមកជួយឃាត់បំបែកគ្នារៀងៗខ្លួន ហើយជនសង្ស័យក៏បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ពេលទៅដល់ផ្ទះជនសង្ស័យបានស្រែកជេរបញ្ចោរទៅលើក្រុមគ្រួសាររបស់ជនរងគ្រោះ បន្ទាប់មកទៀតជនរងគ្រោះឈ្មោះ មុំ សុខខេង ភេទប្រុស ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ ប្រាក់ ដាណែត បានទៅសួរនាំ និងហាមឃាត់កុំឱ្យស្រែកជេរបន្តទៀត ខណៈពេលនោះជនសង្ស័យមិនព្រមស្តាប់ ព្រមទាំងបានរើសដុំថ្ម គប់សំដៅលើទៅជនរងគ្រោះឈ្មោះ មុំ សុខខេង ចំនួន០១ដុំថ្ម ចំលើដើមទ្រូងខាងស្តាំ បណ្តាលឱ្យរងរបួស។

ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ប្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំបាត បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ រូបខ្លួន ពិតជាបានវាយប្រតាយប្រតបគ្នាជាមួយឈ្មោះ ប្រាក់ ដាណែត និងក្នុងពេលកើតហេតុឈ្មោះ ប្រាក់ ឈិន បានមកជួយឃាត់ហើយរុញច្រានរូបខ្លួន ហើយរូបខ្លួនខឹង បានដាល់ និងទាត់ ទៅលើឈ្មោះ ប្រាក់ ឈិន និងបានរើសដុំថ្ម គប់ទៅលើឈ្មោះ មុំ សុខខេង បណ្តាលឱ្យរងរបួស ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅ អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS