រាជធានីភ្នំពេញ ៖ ខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ ត្រូវបានកម្លាំងនគរបាល សហការគ្នាស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនចំនួន៣នាក់ (ខ្មាន់កាំភ្លើងអ្នកបាញ់ផ្ទាល់) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឃាត់បាននៅរាជធានីភ្នំពេញម្នាក់ សរុបចំនួន៤នាក់ដែលត្រូវបានចាប់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកើតហេតុអនុវត្តតាមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រតិបត្តិការធ្វើឡើងយ៉ាងដុតដៃដុតជើង រហូតមកទល់ពេលនេះ ខ្មាន់កាំភ្លើង និងបក្ខពួក ចំនួន៤នាក់ (ខ្មែរម្នាក់ជាអ្នកបើកឡាន) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន៣នាក់នៅចំណុចភូមិកូនដំរី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតរថយន្ដមួយគ្រឿង និងម្នាក់ទៀត សមត្ថកិច្ច សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងនៅរាជធានីភ្នំពេញ ចាប់បាន ។
ជាមួយគ្នានេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដកហូតឡានមែសឺដែសពណ៌ខ្មៅមួយគ្រឿងរបស់ជនល្មើសផងដែរ នៅបុរីហាយលែន ភូមិថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងនោះ ពេលព្រឹកជនជាតិចិន២ក្រុមនោះ បានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងទីតាំងខាងលើ ហើយក៏មានទំនាស់គ្នាចំនួន៣លើក។ លើកទី១ និងលើកទី២ បានដេញវាយកាប់ចាក់គ្នាម្ដងហើយម្ដងទៀត ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ហើយក៏ស្ងប់ស្ងាត់ទៅវិញ តែពួកគេមិនបានឈប់ផឹកស៊ីនោះទេ គឺនៅបន្តផឹកស៊ីបន្តទៀត។រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល បានកើតមានរឿងទំនាស់គ្នាជាលើកទី៣បន្តទៀត ស្រាប់តែពេលនេះលែងប្រើកាំបិតដេញកាប់ចាក់គ្នាដូចមុនទៀតហើយ គេបានឃើញភាគីម្ខាងមានគ្នា៣នាក់រត់សំដៅទៅបើកទ្វាររថយន្តទាញយកអាវុធវែង២ដើម និងអាវុធខ្លី១ដើម រត់ទៅបាញ់សម្លាប់គូទំនាស់ ប៉ុន្តែទំនងគូទំនាស់ដឹងខ្លួនមុន បាននាំគ្នារត់គេចចេញបាត់អស់។ ពេលនោះជនសង្ស័យទាំង៣នាក់ទៅរកអត់ឃើញ ក៏បានបាញ់ឡើងលើ១គ្រាប់ជាការបញ្ចេញកំហឹង រួចទើបរើសសំបកកាទូស្សដាក់ក្នុងរថយន្ត និងជិះគេចខ្លួនបាត់អស់តែម្ដង។ ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS