រាជធានីភ្នំពេញ៖ សមត្ថកិច្ច២នាក់បានរងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូល្បាតតាមដងផ្លូវ ត្រូវក្រុមក្មេងទំនើងមួយក្រុម ជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវ ជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង៣និង១៧នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចទាំង២នាក់ដែលរងរបួសរួមមាន ៖ ជនរងគ្រោះទី១ មានឈ្មោះ ដា មុន្នីរក្សា ភេទប្រុស អាយុ២២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកចិញ្ចើមខាងស្តាំ មានទីលំនៅ នៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២ មានឈ្មោះ តាប់ សុផាត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបែកមាត់និងបាក់ធ្មេញ មានទីលំនៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមន្ត្រីនគរបាលចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមដងផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុមមានគ្នា១២នាក់ជិះម៉ូតូជាច្រើនគ្រឿងប្រដេញគ្នាយ៉ាងអនាធិបតេយ្យក៏ជ្រុលបុកម៉ូតូកម្លាំងសមត្ថកិច្ចពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះតាមការស្នើរសុំរបស់ក្រុមគ្រួសារជនរងគ្រោះ។ ចំណែកក្រុមក្មេងទំនើងទាំង១២នាក់ត្រូវបានសមត្ថកិច្ចឃាត់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំចាត់ការតាមនីតិវិធី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS