ព័ត៌មានជាតិ

ប្រពន្ធស្លុតចិត្ត យំលែងចង់ចេញទឹកភ្នែក ជីវិតអើយជីវិត ចងកសម្លាប់ខ្លួន !

17-Jan-2025 397 views

រាជធានីភ្នំពេញ ៖ ប្រពន្ធស្លុតចិត្ត យំលែងចង់ចេញទឹកភ្នែក ជីវិតអើយជីវិត អីក៏វេទនាម្ល៉េះ ... ជំពាក់បំណុលគេ ខំប្រឹងលក់ទឹកបរិសុទ្ធទឹកតាមរទេះ ក៏មិនដាច់ លុយក៏គ្មាន កូនក៏មិនស្រួលខ្លួន គិតអីលែងចេញ ប្តីយកខ្សែភ្លើងម៉ូទ័របាញ់ខ្យល់ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ខណៈប្រពន្ធឡើងទៅដេកជាមួយកូន ដោយសារកូនមិនស្រួលខ្លួន ចុះមកវិញឃើញប្តីចងក ដាច់ខ្សែធ្លាក់ពីបង្កាន់ដៃកាំជណ្ដើរមកក្រោមស្លាប់ទៅហើយ ... ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៥និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ចំណុចផ្ទះជួលលេខC១៧ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ យ៉ុន សាំ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិក្រាំងចំបក់ ឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ ដកហូតបាន ខ្សែចំណង ចង ក (ខ្សែភ្លើងម៉ូទ័របាញ់ខ្យល់)។

យោងតាមការបំភ្លឺពីឈ្មោះ លី សោត ភេទស្រី អាយុ៤១ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា : ប្ដីគាត់កាលពី២ឆ្នាំមុនបានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់ខួរក្បាលធ្វើឲ្យគាត់មានអាការៈរវើយរវាយ មិននិយាយស្ដី និងតែងតែនៅស្ងៀមៗតែម្នាក់ឯង។ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ប្ដីនៅដេកក្នុងបន្ទប់ឡៅតឿ ចំណែកគាត់ជាប្រពន្ធបានទៅដេកក្នុងបន្ទប់ខាងលើជាមួយកូនស្រី, នៅវេលាម៉ោងប្រហែល០៥នឹង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គាត់បានភ្ញាក់ចេញពីក្នុងបន្ទប់ដើរចុះមកក្រោម ស្រាប់តែឃើញនៅបង្កាន់ដៃកាំជណ្ដើរជាន់ក្រោមមានខ្សែភ្លើងម៉ាស៊ីនបាញ់ខ្យល់ចងជាប់បង្កាន់ដៃមានស្នាមសណ្ដកដាច់ រួចនាងខ្ញុំបានមើលតាមបង្កាន់ដៃទៅក្រោមតែឃើញប្ដីគាត់ដេកនៅលើឥដ្ឋការ៉ូមានខ្សែភ្លើងចងជាប់ក ទើបដឹងថាប្ដីចង ក ដាច់ខ្សែធ្លាក់ទៅក្រោម និងបានហៅអ្នកផ្ទះឲ្យជួយមើលលើប្ដី ដាក់នៅលើគ្រែ ទើបដឹងថាប្ដីឲស្លាប់បាត់ទៅហើយ។

ភ្លាមៗសមត្ថកិច្ចនគរបាលមូលដ្ឋាន រួមទាំងនគរបាលជំនាញផ្នែកកោសល្យវិច័យក្រុង បានចុះមកធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ ពិនិត្យផ្ទះកើតហេតុជាផ្ទះល្វែងសង់ចំនួន១ជាន់ និងមានជាន់ឡៅតឿ ដោយឡែកពិនិត្យនៅកាំជណ្តើរជាន់ឡៅតឿឃើញមានខ្សែភ្លើងម៉ូទ័របាញ់ខ្យល់មួយចុងម្ខាងចងជាប់នឹងបង្កាន់ដៃជណ្ដើរ ចុងម្ខាងទៀតមានស្នាមសណ្ដកដាច់ចេញលួសខាងក្នុង, នៅលើកាំជណ្ដើរជាន់ក្រោមពីខាងក្រោមបង្កាន់ដៃមានប្រឡាក់ស្នាមឈាម សាកសពដាក់តម្កល់នៅលើគ្រែក្នុងផ្ទះគ្មានពាក់អាវ ស្លៀកខោជើងខ្លី សាកសពមានសភាពរឹង មានខ្សែភ្លើងចងជាប់ជុំវិញ ក, សាកសពកម្ពស់១,៧២ម មានស្នាមជាំទ្រុឌនៅជុំវិញ ក មួយកន្លែង ស្នាមកោសរលាត់នៅក្បាលជង្គង់ និងស្មងជើងទាំងសងខាង។

ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយ ចង ក (អត្តឃាត)ពិតមែន និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS