រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ នៅក្មេងៗសោះ អាយុទើបតែ ១៨- ១៩ឆ្នាំ ដើរលួចកាច់.កម៉ូតូរបស់សន្តិសុខ ស៊យម្ចាស់គេទាន់ ស្រែកចោរៗផ្អើលពេញបុរី ត្រូវសមត្ថកិច្ចដែលកំពុងល្បាត ចាប់ខ្លួនបានទាំង២នាក់ បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤និង១០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្សារបុរីពិភពថ្មី៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ អ៊ុក អ៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅក្នុងស្នាក់ការសន្តិសុខបុរីពិភពថ្មី៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ ពៅ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល បុរីវីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ២/ឈ្មោះ ថា ចាន់ថុល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ (ជនសង្ស័យមានសារធាតុញៀន) ឃាត់ខ្លួននៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះជួលបុរីវីអាយភី ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខសៀមរាប1AK-3798 មានលេខតួ និងលេខម៉ាសីន5931220 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KW-2054 មានលេខតួ និងលេខម៉ាស៊ីន0190835 ចំនួន០១គ្រឿង ៣/ផ្លាកលេខម៉ូតូចំនួន០៣ (ផ្លាកលេខភ្នំពេញ1KJ-1038, កណ្តាល1AK-8458, ភ្នំពេញ1JP-7798) ៤/សោខ្សៀលេខ៨ចំនួន០១, ៥/ដង្កាប់ចំនួន០១, ៦/កាំបិតប៉័ងតោចំនួន០២, ៧/កូនកាំបិតចិតបន្លែចំនួន០១ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២២និង០០នាទី ក្រោយពេលចប់ម៉ោងយាម ជនរងគ្រោះ បានបណ្តើរម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខសៀមរាប1AK-3798 យកទៅទុកនៅកន្លែងទុកម៉ូតូក្នុងផ្សារបុរីពិភពថ្មី៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាក់សោកម៉ូតូត្រឹមត្រូវ រួចជនរងគ្រោះបានឡើងទៅសម្រាកនៅក្នុងទីស្នាក់ការសន្តិសុខ ក្នុងបុរីពិភពថ្មី៣ខាងលើ ។
រហូតដល់វេលាម៉ោង០៤និង១០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ សន្តិសុខឈ្មោះ អៀង សុខហេង ក្រោកបត់ជើងតូច ក៏បានឃើញជនសង្ស័យចំនួន០៣នាក់ ១/ឈ្មោះ ពៅ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ ២/ឈ្មោះ ផេង ភេទប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ ឡេវ ភេទប្រុស អាយុ២៥ឆ្នាំ កំពុងធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះ ឃើញដូចនេះ ក៏បានស្រែកឆោឡោថា ចោរៗ ផ្អើលដល់សន្តិសុខ ដែលយាមនៅបុរីពិភពថ្មី ជួយអន្តរាគមន៍ ដេញតាមឃាត់ខ្លួនជនសង្ស័យ ហើយកម្លាំងសមត្ថកិច្ចយើងដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុនោះស្រាប់ បានឃើញហេតុការណ៍នោះ ក៏បានជួយអន្តរាគមន៍ដេញឃាត់ខ្លួនជនសង្ស័យ រហូតដល់KS07 ក្នុងបុរីពិភពថ្មី៣ខាងលើ ទើបសមត្ថកិច្ចយើង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ពៅ ភារម្យ រួមនិងវត្ថុតាង ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួន និងបក្ខពួក០២នាក់ទៀត ១/ឈ្មោះ ផេង ២/ឈ្មោះ ឡេវ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅឆែកឆេរផ្ទះជួលរបស់ជនសង្ស័យស្នាក់នៅ ក្នុងបុរីវីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ ថា ចាន់ថុល ភេទប្រុស អាយុ១៨ឆ្នាំ ដកហូតបានវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស តាមនីតិវិធីច្បាប់ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS