ព័ត៌មានជាតិ

សាហាវមែន! ចូលមកចាក់សម្លាប់បុរសម្នាក់ដល់ក្នុងផ្ទះ រួចរត់ចូលលាក់ខ្លួននៅក្នុងផ្ទះបងប្អូន ផ្អើលសមត្ថកិច្ចជាច្រើននាក់ព័ទ្ធចាប់!

17-Jan-2025 279 views

ខេត្តស្វាយរៀង៖ ពិតជាសាហាវមែនមនុស្ស ផ្អើលសមត្ថកិច្ចជាច្រើននាក់ ប្រើគ្រប់វិធីសាស្ត្រ ដើម្បីចាប់ឃាតក ដែលជាជនដៃដល់ ចូលមកចាក់សម្លាប់បុរសម្នាក់ដល់ក្នុងផ្ទះ រួចរត់គេចខ្លួនចូលទៅលាក់ខ្លួននៅក្នុងផ្ទះបងប្អូន តែទោះបីជាយ៉ាងណាក៏រត់មិនរួច ត្រូវសមត្ថកិច្ចចាប់ទាល់តែបាន ។

ហេតុការណ៍ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ក្នុងនោះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះរ័ត្ន ណាគ្រី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះមានឈ្មោះ

រស់ សាវី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ។

ប្រភពដដែលបន្តថា ករណីឃាតកម្មនេះ កើតឡើងខណៈជនសង្ស័យបានផឹកស្រាស្រវឹង កាន់កាំបិតស្នៀតនិងដាវដើរទៅចាក់ជនរងគ្រោះ ត្រូវចំនួន០២កាំបិត មួយកាំបិតត្រូវចំពោះ និងមួយកាំបិតទៀតត្រូវចំឆ្អឹងជំនីរខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់ បន្ទាប់មកបងប្អូនបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ពេលដល់កណ្តាលផ្លូវជនរងគ្រោះបានស្លាប់ រួចជនដៃដល់ ក៏រត់គេចខ្លួនចូលទៅលាក់ខ្លួននៅក្នុងផ្ទះបងប្អូន។

ទទួលព័ត៌មាននេះភ្លាមទាំងសមត្ថកិច្ចស្រុក និងកម្លាំងប៉ុស្តិ៍ រួមទាំងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានសហការគ្នាចុះដល់កន្លែងកើតហេតុ ធ្វើការព័ទ្ធចាប់ តែដោយសារជនសង្ស័យមានដាវកាន់ជាប់ដៃ បានវាយផ្ទះបងប្អូនរបស់ខ្លួនបែកកញ្ចក់បង្អួច ទ្វារផ្ទះ និងសម្ភារៈប្រើប្រាស់ខូចខាតអស់មួយចំនួនទៀត និងមានទាំងកាំបិត ដាវនិងពូថៅ តបត តែយ៉ាងណា សមត្ថកិច្ចប្រើគ្រប់វិធីសាស្ត្រ ដើម្បីចាប់ឃាតក ដែលជាជនដៃដល់ រហូតទាល់តែបាន ត្រូវបងប្អូនជនរងគ្រោះនិងប្រជាពលរដ្ឋជាច្រើននាក់ ទប់កំហឹងមិនបានចូលមកវាយមួយចាស់ដៃផងដែរ។

ខណៈមូលហេតុ ដែលឈានដល់ការ ចាក់សម្លាប់គ្នា ព្រោះតែគំនុំ ដោយជនសង្ស័យធ្លាប់មានរឿងឈ្លោះគ្នាជាច្រើនលើកជាមួយជនរងគ្រោះ បច្ចុប្បន្នជនដៃដល់ខាងលើ កំពុងឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កសាងសំណុំរឿងចាត់ការតាមច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS