ខេត្តកំពង់ស្ពឺ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បញ្ជាឲ្យកំលាំងជំនាញស្រាវជ្រាវករណីក្មេងទំនើងថតរូបបង្ហោះកាំបិតបន្ទូស និងបង្កហឹង្សាអាណាធិបតេយ្យនៅទឹកដីស្រុកភ្នំស្រួចកន្លងមក ។
ក្រោយទទួលបានបទបញ្ជា លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាឲ្យកំលាំងមូលដ្ឋានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្មេងទំនើងកាន់កាំបិតផ្គាក់ដេញកាប់គ្នា និងកាន់កាំបិតបន្ទូស ថតបង្អួតរាំលេងបង្ហោះចែកចាយតាមរយៈបណ្ដាញសង្គម tik tok។
ជាក់ស្ដែងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១ និង ៣០នាទី នៅចំណុចសាលាអនុវិទ្យាល័យបន្ទាយរកា ឃុំក្រាំងដីវ៉ាយ សមត្ថកិច្ចឃាត់មុខសញ្ញាបានចំនួន ០៤នាក់៖
១-ឈ្មោះ ឈន ចាន់ណា ភេទប្រុស អាយុ ១៥ឆ្នាំ អនីតិជន មានទីលំនៅភូមិក្រាំងក្រូច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច (ជាអ្នកកាន់កាំបិតផ្គាក់)។
២-ឈ្មោះ សាវ រតនា ភេទប្រុស អាយុ១៦ឆ្នាំ អនីតិជនមានទីលំនៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ(កាន់កាំបិតបន្ទូស ថតបង្អួតរាំ) ។
៣-ឈ្មោះ រ៉ុន ចំរើន (ហៅគីល) ភេទប្រុស អាយុ១៤ឆ្នាំ អនីតិជន នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ។
៤-ឈ្មោះ ឈឿន រដ្ឋណាក់ ភេទប្រុស អាយុ ១៥ឆ្នាំ អនីតិជន មានទីលំនៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។
ក្មេងទំនើងជាបក្ខពួកគេចខ្លួន រួមមាន ៖
-ឈ្មោះ ល វិ ស ភេទប្រុស
-ឈ្មោះ ធ រ ភេទប្រុស
-ឈ្មោះ ប ព ភេទប្រុស។
សមត្ថកិច្ចធ្វើការដកហូតបានកាំបិតផ្គាក់ ០១ដើម និងទូរស័ព្ទដៃ ០២គ្រឿង រីឯបក្ខពួកសហការស្រាវជ្រាវស្វែងរកដើម្បីចំណាត់ការនីតិវិធីបន្ដ។
បច្ចុប្បន្នកំលាំងនគរបាលបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS