ព័ត៌មានជាតិ

មានប្រពន្ធកូនរួចហើយ! ខឹងតាមស្រលាញ់មិនបាន ទាញកាំភ្លើងបាញ់អ្នកគ្រូពេទ្យម្នាក់ស្លាប់ក្នុងថ្លុកឈាម ខណៈកូនស្រីរបួសធ្ងន់...

13-May-2024 558 views

ខេត្តមណ្ឌលគីរី៖ បុរសម្នាក់ មានប្រពន្ធកូនរួចហើយ នៅទៅតាមស្រលាញ់ ស្រ្តីម្នាក់ដែលជាគ្រូពេទ្យ ប៉ុន្តែត្រូវនារីរូបនោះបដិសេដ ផ្ទុះជាជម្លោះ ទាញកាំភ្លើង AK 47 បាញ់ប្រហារបណ្ដាលឲ្យស្លាប់ ភ្លាមៗនៅហ្នឹងកន្លែងយ៉ាងអនោចអាធមនៅក្នុងបន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង ហើយគ្រាប់ផ្លាតទៅត្រូវកូនស្រី របស់ជនរងគ្រោះអាយុ៦ឆ្នាំម្នាក់ទៀត រងរបួស ។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃ អាទិត្យ ទី១២ ខែ ឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិនៅអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ រួមមាន ៖

១ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរពេទ្យ  មានទីលំនៅបច្ចុប្បន្នភូមិ អណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ត្រូវបានស្លាប់)។

២ឈ្មោះ ជូ សាណា ភេទស្រី អាយុ ០៦ ឆ្នាំត្រូវជាកូន ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស(រងរបួសត្រូវដៃខាងឆ្វេង)។

ចំណែកជនដៃដល់មានឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ មុខរបរកសិករទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន កាំភ្លើង AK ៤៧(១ដើមអត់ស្វាយ ), បង់ចំនួន០១ គ្រាប់ចំនួន ០៦គ្រាប់។

ជនស្ស័យឈ្មោះ សុខា នុត ឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១២ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង២៩នាទី បានយកកាំភ្លើងAK 47 មួយដើមដែលខ្លួនរើសបានពីក្នុងព្រៃ ដើរទៅរកនារីរងគ្រោះនៅប៉ុស្តិ៍សុខភាពអណ្ដូងក្រឡឹង នៅមុននិងខ្លួនចេញទៅរកបាញ់សត្វក្នុងព្រៃ ពេលទៅដល់ប៉ុស្តិ៍សុខភាព ក៏សួរនាំនិងបាញ់ទៅលើ នារីរងគ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា  បណ្ដាលឲ្យរងរបួស និងស្លាប់

ភ្លាមនោះជនសង្ស័យឈ្មោះ សុខា នុត ក៏បានបាញ់ខ្លួនឯងចំនួន ២គ្រាប់ផងដែរ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួន រហូតដល់ម៉ោង ០៥ និង៣០នាទីព្រឹក ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ហើយក៍បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS